ក្នុងឱកាសចាក់ទួលបន្ថយល្បឿនលើផ្លូវបេតុងថ្មីនៅក្នុងភូមិផ្សារគុម្ពឬស្សី លោក ស៊ុំ សូនី រស់នៅក្នុងភូមិផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្ដតាកែវ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងភូមិទាំងមូលបានស្នើសុំអាជ្ញាធរភូមិ ឃុំ និងប៉ុស្ដិ៍រដ្ឋបាលឃុំតាំងដូង ដើម្បីធ្វើការចាក់ទួលបន្ថយល្បឿនលើផ្លូវបេតុងថ្មីនៅក្នុងភូមិ។
លោកបានបញ្ជាក់ថា ក្រោយមានការអនុញ្ញាត្ដិពីអាជ្ញាធរភូមិ ឃុំ រួចមក ប្រជាពលរដ្ឋបាននាំគ្នាចូលរួមចាក់ទួលបន្ថយល្បឿនទាំងការចំណាយថវិកា និងកម្លាំងពលកម្ម ហើយអាជ្ញាធរភូមិ ឃុំ ក៏មានការជួយឧត្ថមទឹកសុទ្ធ និងភេសជ្ជៈផងដែរ។ លោកបានបញ្ជាក់ថា ការចាក់ទួលបន្ថយល្បឿននេះ បន្ទាប់ពីមានការព្រួយបារម្ភពីសុវត្ថិភាពពលរដ្ឋនៅក្នុងភូមិ មានយុវជន និងអ្នកធ្វើដំណើរឆ្លងកាត់នៅក្នុងភូមិបើកម៉ូតូ ឡាន មានលឿនៗ ។ ដូច្នេះក្រោយមានផ្លូវស្អាតហើយ យើងរួមគ្នាបង្ការគ្រោះថ្នាក់ចរាចរណ៍ចំពោះបងប្អូនប្រជាពលរដ្ឋ និងកុមារតូចៗកើតឡើងជាយថាហេតុ។
លោកបន្ថែមថា ពលរដ្ឋត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាអភិវឌ្ឍន៍នៅក្នុងស្រុកភូមិរបស់ខ្លួនឱ្យមានការរីកចម្រើនបន្ថែមទៀត។ដោយមានការព្រួយបារម្ភពីសុវត្ថិភាពពលរដ្ឋនៅក្នុងភូមិ ដោយមានយុវជន និងអ្នកធ្វើដំណើរឆ្លងកាត់នៅក្នុងភូមិបើកម៉ូតូ ឡាន លឿនៗ ដូច្នេះយើងរួមគ្នាបង្ការគ្រោះថ្នាក់ចរាចរណ៍ចំពោះបងប្អូនប្រជាពលរដ្ឋ និងកុមារតូចៗកើតឡើងជាយថាហេតុ បើមានផ្លូវស្អាតហើយយើងត្រូវបង្កាជាមុន កុំឱ្យទាន់តែមានគ្រោះថ្នាក់ទើបយើងធ្វើ ដូចពាក្យចាស់ពោលថា គោបាត់ទើបធ្វើរបង»។
ជាមួយគ្នានេះ លោក ព្រឹម ត្រាន អនុប្រធានភូមិផ្សារគុម្ពឬស្សីបានសម្ដែងការសប្បាយរីករាយចំពោះការចូលរួមពីប្រជាពលរដ្ឋ ដើម្បីធ្វើការចាក់ទួលបន្ថយល្បឿននៅក្នុងភូមិនាពេលនេះ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសក្មេងតូចៗ ជិះកង់ ដើរឆ្លងផ្លូវ បន្ទាប់ពីឪពុកម្ដាយជាប់រវល់ធ្វើការងារមិនមើលបានដិតដល់។
លោកអនុប្រធានភូមិក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្ដការចូលរួមការអភិវឌ្ឍនៅក្នុងភូមិបន្ដទៀត ដើម្បីទទួលបានសមិទ្ធផល និងជាប្រយោជន៍ជូនប្រជាពលរដ្ឋទាំងអស់គ្នា។
សូមបញ្ជាក់ថា ផ្លូវមួយខ្សែដែលស្ថិតនៅក្នុងភូមិផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្ដតាកែវ នេះមានទំហំទទឹង ៤ម៉ែត្រ និងបណ្ដោយ ១ពាន់ម៉ែត្រ និងមានបំពាក់អំពូលភ្លើងសូឡា ដែលជាជំនួយរបស់ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ដតាកែវ ៕