ចំពោះមុខទង្វើរបស់ប្រជាជនថៃបែបនេះ ពិភពលោកកំពុងបើកភ្នែកធំៗដោយក្តីងឿងឆ្ងល់ថា ហេតុអ្វីបានជាប្រជាជនថៃធ្វើសកម្មភាពបែបនេះ ខណៈដែលគេបានដឹងជាទូទៅថា ម៉ាឡេស៊ីនិងសហរដ្ឋអាម៉េរិក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃដើម្បីរក្សាសន្តិភាព រវាងប្រទេសទាំងពីរ ក៏ដូចជាថែរក្សាសន្តិភាពនិងសន្តិសុខក្នុងតំបន់អាស៊ានទាំងមូល។
សូមរម្លឹកថា បន្ទាប់ពីប្រយុទ្ធគ្នាអស់រយៈពេល ៥ថ្ងៃ កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជានិងថៃត្រូវបានឯកភាពដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ ក្នុងកិច្ចប្រជុំពិសេសនៅទីក្រុងពុត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ក្រោមគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងដោយមានការសម្របសសម្រួលពីលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រទេសចិន។
ក្រោយមក សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពក៏ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជានិងថៃនៅថ្ងៃទី២៦ ខែតុលាឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡំពួរដោយមានវត្តមានជាសាក្សីដោយលោកដូណាល់ ត្រាំ និងលោកអាន់វ៉ា អ៊ីប្រាហ៊ីម។ ប៉ុន្តែ ទាំងកិច្ចព្រមព្រៀងឈប់បាញ់ ទាំងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពដែលមេដឹកនាំពិភពលោកអបអរសាទរយ៉ាងខ្លាំងនោះបែរជាថ្នាក់ដឹកនាំថៃមួយចំនួន និងប្រជាពលរដ្ឋថៃ ពិសេសក្រុមជ្រុលនិយមមិនសប្បាយចិត្តជាមួយសមិទ្ធផលដ៏ធំធេងនិងមានតម្លៃនេះឡើយ។ ពួកគេ មិនត្រឹមតែមិនផ្តល់តម្លៃនិងមិនគោរពតាមស្មារតីនៃបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែបែរជាខឹងសម្បារជាមួយអ្នកជួយជ្រោមជ្រែងឱ្យមានសន្តិភាពទៅវិញ។ ដោយឡែកថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ពិតជាបាននិងកំពុងផ្តល់តម្លៃយ៉ាងខ្លាំងដល់បទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពដែលសម្រេចបាន និងបានផ្តល់តម្លៃយ៉ាងខ្លាំងដល់តួនាទីអ្នកសម្របសម្រួលឱ្យសម្រេចបានសមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្ត្រនេះ ជាពិសេសតួនាទីដ៏សំខាន់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។ ប្រតិកម្មខុសគ្នារវាងថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំនិងប្រជាជនថៃចំពោះបញ្ហាសន្តិភាពនិងតួនាទីអ្នកសម្របសម្រួលឱ្យមានសន្តិភាព មិនពិបាកយល់ឡើយ។
ដោយគ្រាន់តែពិនិត្យមើលកត្តាសត្យានុម័តមួយចំនួនដូចខាងក្រោម យើងពិតជាអាចយល់បាន៖ ទី១៖ អ្នកដែលស្រឡាញ់សន្តិភាពតែងតែធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាសន្តិភាព និងលះបង់គ្រប់យ៉ាងដើម្បីបញ្ចៀសសង្គ្រាម។ ផ្ទុយទៅវិញ អ្នកដែលស្រឡាញ់សង្គ្រាមតែងតែរកវិធីដើម្បីបញ្ឆេះសង្គ្រាម និងធ្វើយ៉ាងណាឱ្យសន្តិភាពបាត់បង់ដើម្បីមានលេសក្នុងការធ្វើសង្គ្រាម។ ទី២៖ ជនរងគ្រោះដែលទទួលរងការរំលោភបំពានតែងតែស្វះស្វែងរកភាគីទី៣ ដើម្បីជួយរកយុត្តិធម៌ ខណៈដែលអ្នកបំពានគេតែងបដិសេធការលូកដៃពីអ្នកខាងក្រៅ។ ទី៣៖ មនុស្សស្មោះត្រង់តែងបង្ហាញតម្លាភាពគ្រប់សកម្មភាពដែលខ្លួនបានធ្វើ និងត្រូវការសាក្សីដើម្បីបញ្ជាក់ការពិត ប៉ុន្តែមនុស្សដែលមានពុតត្បុត មិនចូលចិត្តធ្វើសកម្មភាពនៅចំពោះមុខសាក្សីឡើយ ពីព្រោះ ពួកគេពិបាកបន្លំ។
ចំណុចទាំងបីខាងលើអាចឆ្លុះបញ្ចាំងបានអំពីឥរិយាបថរបស់ប្រជាជនថៃនិងប្រជាជនកម្ពុជាចំពោះសន្តិភាព និងតួនាទីរបស់អ្នកសម្របសម្រួលដើម្បីសន្តិភាព ក៏ដូចជាតួនាទីរបស់សាក្សីនៅក្នុងដំណើរការអនុវត្តបទឈប់បាញ់ ក៏ដូចជាដំណើរការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព។ ថ្នាក់ដឹកនាំនិងប្រជាជនកម្ពុជាមានជំហរច្បាស់លាស់ចំពោះសន្តិភាព និងតែងតែគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរាល់ខ្លឹមសារដែលបានព្រមព្រៀងគ្នា។ លើសពីនេះ កម្ពុជាតែងតែគាំទ្រនិងផ្តល់តម្លៃយ៉ាងខ្លាំងដល់តួនាទីរបស់ ភាគីទី៣ ដែលបានចូលរួមចំណែកបង្កើតឱ្យមានសន្តិភាពរវាងកម្ពុជានិងថៃ។
ផ្ទុយទៅវិញ អ្វីដែលប្រជាជនថៃបាននិងកំពុងប្រឆាំងជាមួយអ្នកផ្តួចផ្តើម និងជួយជ្រោមជ្រែងឱ្យមានសន្តិភាពមានន័យថា ពួកគេមិនត្រូវការសន្តិភាព មិនត្រូវការភាគីទី៣ និងមិនត្រូវការសាក្សី។ តើបំណងរបស់ពួកគេគឺជាអ្វី? គ្រប់គ្នាប្រាកដជាអាចយល់បាន៕
ដោយ វង្ស មករា សាស្ត្រាចារ្យ និងអ្នកវិភាគសង្គមនិងនយោបាយ