ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ស សុខា សម្ដែងការសោកស្តាយចំពោះសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ១៣នាក់ របួសជាង ២០នាក់ នៅខេត្តកំពង់ធំ!
ថ្ងៃទី ៖ 21-11-2025, ដោយ​​ Dara007 , 11 Views
                     
ភ្នំពេញៈ ក្នុងនាមពលរដ្ឋខ្មែរ ១រូប លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិតជាមានក្តីក្តុកក្តួល និងតក់ស្លុតជាខ្លាំងចំពោះសោកនាដកម្ម នៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្ដក្រុង ដឹកអ្នកដំណើរពេលយប់ ១គ្រឿង ផ្ទុកមនុស្ស ៣៧នាក់ បានក្រឡាប់ធ្លាក់ចូលក្នុងទឹក នៅចំណុចស្ពានអូរប្រសាទ ក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋយើង ស្លាប់ ១៣នាក់ និងរបួសធ្ងន់ស្រាលជាង ២០នាក់។

លោក ស សុខា ក៏សូមចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសពទាំងអស់។ ជាមួយគ្នានេះ ខ្ញុំសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិតទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរដល់ជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលទាំងអស់ ឆាប់បានជាសះស្បើយ និងមានសុខភាពល្អឡើងវិញគ្រប់ៗគ្នា។

លោក ស សុខា បានបញ្ជាក់ថា សោកនាដកម្មដ៏ធំធេងនេះ គឺជាការដាស់តឿនដ៏ឈឺចាប់បំផុតមួយ សម្រាប់យើងទាំងអស់គ្នា អំពីតម្លៃនៃជីវិត និងសារៈសំខាន់ នៃការគោរពច្បាប់ចរាចរណ៍។

លោកយល់ថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន អាចបង្ការបាន បើសិនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ មានស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងន័យនេះ លោក ស សុខា សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវចំណុចខ្លះៗ ដូចខាងក្រោម៖ - កុំបើកបរហួសល្បឿនកំណត់ ៖ ការបើកបរលឿន គឺជាមូលហេតុចម្បងនៃការស្លាប់នៅលើដងផ្លូវ - កុំបើកបរក្នុងស្ថានភាពស្រវឹង ៖ គ្រឿងស្រវឹង បណ្តាលឱ្យបាត់បង់ការគ្រប់គ្រង និងស្មារតីប្រុងប្រយ័ត្ន - ពាក់មួកសុវត្ថិភាព/ខ្សែក្រវ៉ាត់ ៖ ឧបករណ៍ការពារទាំងនេះ អាចជួយសង្គ្រោះជីវិតអ្នកបាន ពេលមានគ្រោះថ្នាក់ - កុំវ៉ាជែងដោយប្រថុយប្រថាន ៖ ត្រូវវ៉ាជែង តែនៅពេលចាំបាច់បំផុត និងធានាថាមិនមានគ្រោះថ្នាក់ - ប្រកាន់ស្តាំជានិច្ច ៖ ត្រូវបើកបរដោយយកចិត្តទុកដាក់ និងគោរពសញ្ញាចរាចរណ៍ទាំងអស់។ ជាមួយគ្នានេះ ដើម្បីបង្ការ ទប់ស្កាត់នូវឧបទ្ទវហេតុដ៏អាក្រក់នេះ អាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីនគរបាលចរាចរណ៍ និងក្រសួងសាធារណការនិងដឹកជញ្ជូន គួរបន្តពង្រឹងការអនុវត្តច្បាប់ និងវិធានការនានា ដើម្បីកាត់បន្ថយគ្រោះថ្នាក់៖ - យុទ្ធនាការអប់រំ ៖ ត្រូវបង្កើនយុទ្ធនាការផ្សព្វផ្សាយ និងអប់រំអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឱ្យបានទូលំទូលាយដល់សាធារណជន ពិសេសតាមសហគមន៍ និងសាលារៀន - ត្រួតពិនិត្យយានយន្ត ៖ ត្រូវពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសរបស់យានយន្តដឹកជញ្ជូនសាធារណៈ និងធុនធ្ងន់ជាប្រចាំ - កែលម្អហេដ្ឋារចនាសម្ព័ន្ធ ៖ អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវត្រួតពិនិត្យមើលផ្លូវដែលងាយបង្កគ្រោះថ្នាក់ (Black Spots) ដើម្បីដំឡើងស្លាកសញ្ញាបន្ថែម លាបគំនូសថ្មី ឬកែលម្អសភាពផ្លូវ។ សូមបងប្អូនជនរួមជាតិ ជាពិសេសអ្នកប្រើប្រាស់ដងផ្លូវ និងយានជំនិះគ្រប់ប្រភេទ ចងចាំថា ការគោរពច្បាប់ចរាចរណ៍ មិនមែនធ្វើដើម្បីតែគេ ឬដើម្បីគេចពីការពិន័យនោះទេ តែដើម្បីការពារជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់យើង។ សូមរំលឹកខ្លួនឯងជារឿយៗថា «កុំប្រញាប់ពេក! ទៅយឺតបានយូរ ដល់គោលដៅជុំគ្រួសារ»៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com