យ៉ាងហោចណាស់ ខេត្តកោះកុងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន៧ម៉ឺន៨ពាន់នាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន ៨៣៧ នាក់ បានមកស្នាក់នៅ និងលេងកម្សាន្តតាមរមណីយដ្ឋានទេសចរនានាក្នុងខេត្តយ៉ាងសប្បាយរីករាយបំផុត។ នេះជាការបញ្ជាក់របស់លោក សាគុណ ភក្តី ប្រធានការិយាល័យព័ត៌មានទេសចរណ៍នៃមន្ទីរទេសចរខេត្តកោះកុង។
លោក សាគុណ ភក្តី បានឱ្យដឹងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥តាមរយៈបណ្តាញTelegram ទៀតថា ចំនួនភ្ញៀវទេសចរមកលេងកម្សាន្តក្នុងឱកាសឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ បានកើនជិត៥ម៉ឺននាក់ ស្មើនឹង១៤៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ មូលហេតុនៃការកើនឡើងភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តកោះកុង យ៉ាងដូច្នេះ ក៏ដោយសារតែអាកាសធាតុអំណោយផលល្អ មានតំបន់ទេសចរណ៍ថ្មីៗច្រើន សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មី ផ្លូវជាតិលេខ១០ និងលេខ៤៨ បានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរលំហូរភ្ញៀវទេសចរចរាចរណ៍មកពីបណ្តារាជធានី-ខេត្ត ពិសេសខេត្តពោធិសាត់ ប៉ៃលិន បាត់ដំបង។
ដោយឡែកលោកកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការរងនគបរាលខេត្តកោះកុង ថ្លែងថា អំឡុងពិធីបុណ្យអុំទូក៣ថ្ងៃនេះ សមត្ថកិច្ចនគរបាលរបស់លោកបានដាក់ពង្រាយកម្លាំងគ្រប់គោលដៅរមណីយដ្ឋានទេសចរណ៍ ដើម្បីការពារថែរក្សាសុវត្ថិភាពជូនអ្នកទេសចរ និងពលរដ្ឋ។
បើតាមលោកស្នងការរងខេត្ត ស្ថានភាពការពារសុខសណ្តាប់ធ្នាប់ប្រព្រឹត្តបានដោយរលូន និងជោគជ័យពុំមានបញ្ហាធំដុំអ្វីកើតមានឡើងនោះទេ ពោលគឺគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អប្រសើរ៕