ក្នុងការទទួលជួបពិភាក្សាការងារជាមួយ លោក ថូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅក្នុងនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋបារាំង ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ចំណងមិត្តភាពជាប្រវត្តិសាស្រ្តកម្ពុជា-បារំាង មានការរីកចម្រើនគួរកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅនៃថ្នាក់ដឹកនាំប្រទេសទំាងពីរ។
ទំនាក់ទំនងកម្ពុជា-បារំាង ពូនជ្រំដោយអតីត ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតកោដ្ឋ និងបានបន្តថែរក្សាលើកកម្ពស់ជាលំដាប់ដោយសម្តេចតេជោ ហ៊ុន សែន និងបច្ចុប្បន្នបន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចផ្លូវការ និងដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ក្នុងឆ្នាំ២០២៦ របស់លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (President Emmanuel Macron)នៅកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងប្រទេសទំាងពីរកាន់រឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ក្រុមមិត្តភាពបារាំង-កម្ពុជា បានដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
សម្តេចបានស្នើលោក ថូម៉ាស់ ឡាំ រៀបចំនូវសកម្មភាព និងគំនិតផ្ដួចផ្ដើមបន្ថែមទៀតដើម្បីតភ្ជាប់ទំនាក់ទំនងប្រជាជនប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងជំរុញការយោគយល់គ្នាទៅវិញទៅមក។ សម្តេចបន្តថា យុវជនកម្ពុជាបច្ចុប្បន្នបានងាកមកសិក្សាភាសាបារំាងកាន់តែច្រើន ហើយពលរដ្ឋកម្ពុជា នៅតែមានការកំាទ្រផលិតផលបារំាង ដូចជាឱសថ ជាដើម។ ដូច្នេះអ្នកវិនិយោគបារំាងគួរឆ្លៀតឱកាសនេះដើម្បីវិនិយោគនៅកម្ពុជា។ សូមកុំសម្លឹងកម្ពុជាត្រឹមកម្ពុជា១៧លាននាក់ តែសម្លឹងកម្ពុជាក្នុងក្របខណ្ឌអាស៊ាននិង RCEP ដែលមានប្រជាពលរដ្ឋរាប់រយលាននាក់។
លោក ប្រធានក្រុមមិត្តភាពរដ្ឋសភាបារំាង-កម្ពុជា បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានបញ្ជាក់ថាលោកនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការបារំាង-កម្ពុជាឱ្យកាន់តែរឹងមាំឡើង។
លោក បានជម្រាបសម្តេចថា ក្នុងបេសកកម្មដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ នៅឆ្នាំ២០២៦ខាងមុខនេះ ឯកឧត្តមនឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា។ គម្រោងនេះទទួលបានការគំាទ្រ និងស្វាគមន៍យ៉ាងពេញទំហឹងពីសំណាក់សម្តេចប្រធានរដ្ឋសភា៕