នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ តបតាមការអញ្ជើញរបស់លោក Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងលោក Anutin Charmvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានអញ្ជើញចូលរួម ក្នុងពិធីចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមធ្វើជាសាក្សីពីលោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង លោក Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥។
ជាលទ្ធផលនៃពិធីចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យមានការបន្តគាំទ្រ និងការរួម ចំណែករបស់សហគមន៍អន្តរជាតិ និងដៃគូនានា ដើម្បីធានាសម្រេចបានជាផ្លែផ្កា នៃសេចក្តីថ្លែងការណ៍រួមនេះ៕