សម្តេចធិបតី អះអាងថា បញ្ហាព្រំដែន គឺជាបញ្ហាដែលមានភាពស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។ ប៉ុន្តែការដោះស្រាយណាមួយដែលអាចទទួលយកបាន គឺត្រូវផ្អែកលើគោលការណ៍តម្លាភាព មានការឯកភាពគ្នា ដោយគ្មានការបង្ខិតបង្ខំរវាងភាគីទាំងពីរ និងដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នា ព្រមទាំងផ្អែកលើមូលដ្ឋានសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
នៅក្នុងន័យនេះ សម្ដេចធិបតីបន្ដថា ការងារវាស់វែង និងខណ្ឌសីមា គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណ:កម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជានិងថៃ។ JBC បានធ្វើការរួមគ្នាប្រកបដោយផ្លែផ្កា ជាច្រើនក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ ទោះបីមិនទាន់បានចប់សព្វគ្រប់ក៏ដោយ។
សម្ដេចធិបតី បន្ដថា នៅក្នុងកិច្ចប្រជុំ JBC រយៈពេលពីរថ្ងៃពេញ (២១-២២ តុលា) ដែលទើបបញ្ចប់នៅរំលងអាធ្រាតចូលថ្ងៃ ២៣ តុលា ២០២៥ នេះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ពាក់ព័ន្ធនឹងការស្វែងរកដំណោះស្រាយដោយតម្លាភាព និងត្រឹមត្រូវតាមគោលការណ៍ដែលបានឯកភាពគ្នា ក្នុងបំណងឈានទៅដោះស្រាយបញ្ចប់ជម្លោះនៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ (ចន្លោះបង្គោលព្រំដែនលេខ ៤២ និង ៤៧) ។
សម្ដេចធិបតី ដើម្បីស្វែងរកដំណោះស្រាយនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តធ្វើសកម្មភាពតាមលក្ខណៈបច្ចេកទេស ដើម្បីកំណត់ការវាស់វែងរួមគ្នា និងបោះបង្គោល បណ្ដោះអាសន្ន ដោយប្រើប្រាស់ផែនទី១/២០០.០០០ សន្ធិសញ្ញា១៩០៧ និងកំណត់ហេតុបោះបង្គោល របស់គណៈកម្មការបោះបង្គោលបារាំង-សៀម ធ្វើជាមូលដ្ឋាន។
លទ្ធផលដែលទទួលបាន នឹងផ្ទៀងផ្ទាត់ជាមួយការកាន់កាប់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាំងសងខាង សម្រាប់ធ្វើការដោះស្រាយបន្ត។
សម្តេចធិបតីបន្ថែមថា មានតែវិធីសាស្ត្រនេះទេ ទើបភាគីទាំងពីរអាចឈានទៅរកដំណោះស្រាយមួយ ដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដែលកើតមាននៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ៕