ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជាប្រារព្ធ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ និង សមិទ្ធិផលដែលរួមគ្នាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដី
ថ្ងៃទី ៖ 16-09-2025, ដោយ​​ Dara007 , 22 Views
                     
កំពតៈ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ប្រទេសកម្ពុជាបានចូលរួមជាមួយពិភពលោកប្រារព្ធ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដែលជាខួបលើកទី៤០ នៃ «អនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន» ឆ្នាំ១៩៨៥ និងត្រូវជាខួបលើកទី៣៨ នៃ «ពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន« ឆ្នាំ១៩៨៧។

ក្នុងពិធីអបអរសាទរនិងផ្សព្វផ្សាយទិវាអូហ្សូនពិភពលោក ១៦ កញ្ញា នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត ខេត្តកំពត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងបរិស្ថាន ក្រសួអ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកំពត វិស័យឯកជន អ្នកស្រាវជ្រាវ ដៃគូសហការ អ្នកពាក់ព័ន្ធផ្សេងទៀត សិស្ស និស្សិត លោកគ្រូ អ្នកគ្រូជាច្រើននាក់ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ ២០២៥ បានប្រព្រឹត្តទៅក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ ផ្តើមពីវិទ្យាសាស្ត្រ ទៅជាសកម្មភាពសកល» (Montreal Protocol: From Science to Global Action)។

ចាប់តាំងពីឆ្នាំ១៩៩៥ មក លេខាធិការដ្ឋានអូហ្សូននៃកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី១៦ ខែកញ្ញា រៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធខួប «ទិវាអូហ្សូនពិភពលោក» ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ក៏ដូចជាអបអរសាទរដល់សមិទ្ធផល និងវឌ្ឍនភាពជាបន្ដបន្ទាប់ដែលយើងរួមគ្នាសម្រេចបានសំដៅឆ្ពោះទៅការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដី។ កិច្ចព្រមព្រៀងសំខាន់ៗទាំងនេះ គឺជាឧទាហរណ៍ដ៏វិសេសវិសាលមួយដែលបង្ហាញពីអ្នកវិទ្យាសាស្ត្រ អ្នកការទូត និងអ្នកនយោបាយធ្វើសកម្មភាពរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមបរិស្ថានជាសកល។

ក្នុងឱកាសនេះដែរ ក្រសួងបរិស្ថានបានចេញសារលិខិតផ្ញើជូនជនរួមជាតិ អំពីពិធីអបអរសាទរ«ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ឆ្នាំ២០២៥។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសសាន៍ក្នុងសារលិខិតថា កម្ពុជាបានចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ជាមួយប្រជាជាតិទាំងអស់ ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំនេះ។

លោករដ្ឋមន្រ្តី បានថ្លែងថា នេះព្រឹត្តិការណ៍ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់លើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីភាពចាំបាច់ និងសារៈប្រយោជន៍ នៃការចូលរួមថែរក្សាការពារ ស្រទាប់អូហ្សូន ដែលជារបាំងការពារភពផែនដីពីកាំរស្មីពណ៌ស្វាយដ៏គ្រោះថ្នាក់។ ជាមួយគ្នានេះត្រូវបន្តយកចិត្តទុកដាក់អនុវត្ត ឱ្យបានជោគជ័យបន្ថែមទៀត នូវលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ទាក់ទងនឹងការអនុវត្តពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូននៅកម្ពុជា ចូលរួមបំផុសប្រជាជនគ្រប់មជ្ឈដ្ឋាន ឱ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ នៃស្រទាប់អូហ្សូនសម្រាប់ជីវិតលើភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដី សំដៅការពារបរិស្ថាន និងសុខភាពសាធារណៈ។ សូមបញ្ជាក់ថា អនុសញ្ញាវីយ៉ែន និងពិធីសារម៉ុងរ៉េអាល់ គឺជាឧទាហរណ៍យ៉ាងច្បាស់បង្ហាញអំពីសារៈសំខាន់ និងវិធីសាស្ត្រដែលវិទ្យាសាស្ត្រអាចជួយឱ្យពិភពលោកសម្រេចបាននូវកិច្ចសហប្រតិបត្តិការជាសកល តាមរយៈការផ្តល់ទិន្នន័យព័ត៌មានច្បាស់លាស់ និងការអនុវត្តសកម្មភាពផ្អែកលើការពិតជាក់ស្តែង។

ស្រទាប់អូហ្សូន ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារភពផែនដីពីកាំរស្មីប្រកបដោយគ្រោះថ្នាក់ពីព្រះអាទិត្យ ប៉ុន្តែកន្លងមក ស្រទាប់អូហ្សូនត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងប្រឈមទៅនឹងការធ្លុះធ្លាយដែលបង្កឡើងដោយសារធាតុបំផ្លាញស្រទាប់អូហ្សូន។ សារធាតុបំផ្លាញស្រទាប់អូហ្សូន គឺជាសារធាតុដែលត្រូវបានប្រើប្រាស់នៅក្នុងកំប៉ុងស្ព្រៃ និងបរិក្ខារត្រជាក់ ក្នុងនោះរួមមាន សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន (CFC) និងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC)។ លើសពីនេះ សារធាតុទាំងនោះ ក៏មានសក្ដានុពលធ្វើឱ្យកើនកម្ដៅផែនដីខ្ពស់ផងដែរ។

កម្ពុជាបានរៀបចំផែនការគ្រប់គ្រងសារធាតុ HFCs ក្នុងការអនុវត្ដវិសោធនកម្មទីក្រុងគីហ្កាលី នៃពិធីសារម៉ុងរ៉េអាល់ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្នុងក្តីសង្ឃឹមថាការកើនកម្ដៅភពផែនដី អាចត្រូវបានកាត់បន្ថយរហូតដល់ ០,៥°C នៅចុងសតវត្សរ៍នេះ ប្រសិនបើវិសោធនកម្មទីក្រុងគីហ្កាលី ត្រូវបានផ្តល់សច្ចាប័នជាសកល និងអនុវត្តបានពេញលេញ។

ក្នុងន័យនេះ កម្ពុជាបាន ប្តេជ្ញាបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យ នូវរាល់កាតព្វកិច្ចរបស់ខ្លួនសំដៅធានា ឱ្យបាននូវប្រសិទ្ធភាពនៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់ សារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុ ដែលមានសក្តានុពលកម្ដៅសកលខ្ពស់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com