ក្នុងកម្មវិធីប្រគល់ពានរង្វាន់អាស៊ានសម្រាប់អាជីវកម្ម និងធុរកិច្ចឆ្នើម ដែលបានជួយដល់កិច្ចការងារសង្គម ប្រចាំឆ្នាំ២០២៥ (Great ASEAN CSR Business Award 2025) កាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ Shangri-La ភ្នំពេញ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជឿជាក់ថា ពានរង្វាន់នៃកម្មវិធីនេះ ជាការទទួលស្គាល់ចំពោះក្រុមហ៊ុន និងសហគ្រិន ដែលបានបង្ហាញពីភាពជាអ្នកដឹកនាំ កម្លាំងចិត្ត និងចក្ខុវិស័យក្នុងការភ្ជាប់ភាពជោគជ័យអាជីវកម្មជាមួយសុខុមាលភាពសង្គម។
លើសពីនេះ កម្មវិធីនេះ ក៏ជាការជំរុញឱ្យម្ចាស់អាជីវកម្ម និងសហគ្រិនដទៃទៀតចូលរួមក្នុងកិច្ចការងារសង្គម ព្រោះម្ចាស់ជ័យលាភីពានរង្វាន់ទាំងអស់ក្នុងកម្មវិធីនេះ ជាគំរូល្អសម្រាប់អាស៊ាន និងសកលលោកទាំងមូល។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានបង្ហាញអំពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការធ្វើការជិតស្និទ្ធជាមួយដៃគូអាស៊ាន ភ្នាក់ងារអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីឆ្ពោះទៅរកភាពទទួលខុសត្រូវ ការរួមបញ្ចូលគ្នា និងចីរភាព។
សូមបញ្ជាក់ថា កម្មវិធីពានរង្វាន់អាស៊ានសម្រាប់អាជីវកម្ម និងធុរកិច្ចឆ្នើម ដែលបានជួយដល់កិច្ចការងារសង្គម ប្រចាំឆ្នាំ២០២៥ នេះ ប្រើរយៈពេល១២០ថ្ងៃ ក្នុងការជ្រើសរើសជ័យលាភី ដែលមានបេក្ខជនដាក់ពាក្យចូលរួមសរុបចំនួន ៣ ៧៦០នាក់ មកពី៣៩ប្រទេស។ ក្នុងនោះបេក្ខជនដែលមានសក្តានុពលចំនួន ៤៨០នាក់ត្រូវបានជ្រើសរើស និងត្រូវបានវាយតម្លៃជាផ្លូវការចំនួន ២៨០នាក់មកពី៣០ប្រទេស។ ជាលទ្ធផល បេក្ខជន ៦០នាក់មកពី១៩ប្រទេសត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភី នៃកម្មវិធីនេះ៕