ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រហុកម្សៅកម្ពុជា ទទួលការគាំទ្រលើទីផ្សារអឺរ៉ុប
ថ្ងៃទី ៖ 10-09-2025, ដោយ​​ Dara007 , 64 Views
                     
ភ្នំពេញៈ មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្មថ្លែងថា ប្រហុកម្សៅកម្ពុជា ទទួលការគាំទ្រលើទីផ្សារអឺរ៉ុប ដោយអាហារខ្មែរមួយនេះកាន់តែបានការទទួលស្គាល់មានរស់ជាតិឆ្ងុយឆ្ងាញ់ និងពេញនិយម ។

ថ្លែងនៅក្នុងពិធីបើកសម្ពោធសិប្បកម្មផលិត និងកែច្នៃម្សៅប្រហុក ខ្មែរ “ខនហ្វីរេល”ស្ថិតនៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នារសៀលថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ២០២៥ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ប្រហុកម្សៅកម្ពុជាបានកំពុងទទួលការគាំទ្រ សម្រាប់ការនាំចេញទៅទីផ្សារអឺរ៉ុប បន្ទាប់ពីមានការជួយជ្រោមជ្រែងពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFISH-Capture) ដែលគាំទ្រថវិកាពីសហភាពអឺរ៉ុប ដើម្បីអភិវឌ្ឍន៍ខ្សែច្រវាក់ផលិតកម្ម ការវេចខ្ចប់ និងការអនុវត្តប្រព័ន្ធគុណភាព សុវត្ថិភាពម្ហូបអាហារ។

លោកបញ្ជាក់ថា បច្ចុប្បន្នអាហារល្បីឈ្មោះរបស់ខ្មែរមួយនេះ មិនត្រឹមតែពលរដ្ឋខ្មែរពេញនិយមបរិភោគនោះទេ សូម្បីតែទីផ្សារក្រៅប្រទេសក៏អាចលក់កាន់តែដាច់កើនឡើងជាបន្តបន្ទាប់។ ជាពិសេស ការនាំចេញទៅលក់នៅក្រៅប្រទេសនឹងធ្វើ ឱ្យអាហារខ្មែរមួយនេះកាន់តែទទួលស្គាល់ និងពេញនិយមបន្ថែមទៀត ។ ដោយឡែក លោក ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនខនហ្វីរេល ដែលកែច្នៃប្រហុកម្សៅ សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញនោះបានឱ្យដឹងថា បច្ចុប្បន្នផលិតកម្មបានកែច្នៃបាន ៥ពាន់កែវ ស្មើនឹងទម្ងន់១តោនប្រហុក ក្នុងមួយថ្ងៃ។ ប្រហុកម្សៅ ត្រូវបានបញ្ចុះក្លិន បញ្ចុះជាតិអំបិល និងបញ្ចុះសារធាតុហាមឃាត់ដែលប៉ះពាល់ទៅដល់សុខភាពផ្សេងទៀត។

លោក បានប្រាប់ឱ្យដឹងដែរថា៖ មកទល់នឹងបច្ចុប្បន្ននេះ ក្រុមហ៊ុនខនហ្វីរេលមានអាយុ ២៥ឆ្នាំហើយ។ ចាប់តាំងពីពេលបង្កើតឡើងនៅឆ្នាំ២០០១ មក ខនហ្វីរេលមានទស្សនវិស័យច្បាស់លាស់ ក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍគ្រប់ផលិតផលដូនតា ដែលជាសម្បត្តិបេតិកភ័ណ្ឌរបស់ជាតិយើង ដោយប្រើប្រាស់សមត្ថភាព និងធនធានថវិកាផ្ទាល់ខ្លួន ជាមួយនឹងទំនុកចិត្តប្រកបដោយភាពជឿជាក់ ដើម្បីផ្តល់តម្លៃដល់ស្នាដៃបុព្វបុរសបន្សល់ទុកឱ្យ។

លើសពីនេះទៅទៀត ក្រុមហ៊ុន ខនហ្វីរេលទទួលវិញ្ញាបនប័ត្រ HACCP ដែលជាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ប្រកបដោយគុណភាព និងសុវត្ថិភាព ។

លោក សុខ ណារិន តំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ហៅកាត់ UNIDO ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ប្រហុកម្សៅនេះ ត្រូវបានធ្វើតេស្តសុវត្ថិភាពម្ហូបអាហារ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីធានាដល់គុណភាព និងសុវត្ថិភាពម្ហូបអាហារ។

លោក អ៊ីហ្គ័រ ឌ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបង្ហាញពីមោទនភាពក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ និងចូលរួមចំណែកក្នុងការជំរុញការកែច្នៃក្នុងស្រុក បង្កើតការងារសមរម្យ និងលើកកម្ពស់ស្តង់ដារសុវត្ថិភាពម្ហូបអាហារខ្ពស់បំផុត ដែលជាការត្រួសត្រាយផ្លូវសម្រាប់ការនាំចេញ ហើយលោកចាត់ទុក សមិទ្ធផលនេះហាក់ដូចជាតូច ប៉ុន្តែបង្ហាញពីសក្តានុពលដ៏ធំធេងក្នុងការបំពេញតម្រូវការក្នុងស្រុក រួមចំណែកដល់ការរីកលូតលាស់បៃតងជាតិ និងជួយឱ្យកម្ពុជាអាចឈរជើងប្រកួតប្រជែងក្នុងទីផ្សារក្រៅប្រទេស៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com