ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ លោក ស្រី ម៉ាលី សុជាតា បានរៀបរាប់ពីភាពគឃ្លើនរបស់ទាហានថៃវាយប្រហារមកលើកម្ពុជាថា តាំងពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៨ ខែកក្កដា ថៃបានបាញ់កាំភ្លើងធំចូលប្រាសាទតាមាន់ធំ និងតាក្របី , ម៉ោង៥និង៣០នាទី កំលាំងថ្មើជើងរុលចូលប្រាសាទតាក្របី រួមជាមួយកាំភ្លើងត្បាល និងកាំភ្លើងធំគាំទ្រ , ម៉ោង៥និង៥៩នាទី កំលាំងថ្មើជើងដកថយទៅវិញ ប៉ុន្តែនៅតែបាញ់មកលើកម្ពុជាលើប្រាសាទតាមាន់ធំ និងតាក្របី ក្រៅពីនោះស្ងប់ស្ងាត់ធម្មតា , ម៉ោង៨និង១៥នាទី យន្តហោះថៃបាញ់រ៉ុកែតF16 មកលើប្រាសាតាក្របី និងម៉ោង១០.២៥នាទី បានវាយថ្មើជើងនៅថ្មដូង។
“ភាគីថៃនៅតែបន្តវាយលុកយ៉ាងកម្រោលនៅឡើយ ។
ចំពោះកំលាំងប្រដាប់អាវុធកម្ពុជាយើងនៅតែបន្តឈរយ៉ាងរឹងមាំតស៊ូយ៉ាងស្វិតស្វាញក្នុងការការពារដែនអធិបតេយ្យភាពទឹកដីនិងបូរណភាពទឹកដីរបស់ខ្លួនដោយអង់អាចក្លាហានជាទីបំផុត”។
លោកស្រី បញ្ជាក់ថា ទោះបីជាកងទ័ពថៃនៅតែបន្តវាយយ៉ាងកម្រោលនិងសន្ធោសន្ធៅនៅឡើយមកលើកម្ពុជាយ៉ាងណាក៏ដោយ ប៉ុន្តែទ័ពកម្ពុជានៅតែតស៊ូយ៉ាងស្វិតស្វាញដដែលមិនចុះចាញ់ទេ ។ ចំពោះសកម្មភាពព្រហើនរបស់កងទ័ពថៃនេះ លោកជំទាវបន្តថា កម្ពុជាទាមទារឲ្យថៃបញ្ឈប់ជាបន្ទាន់ ៕