យប់ថ្ងៃសៅរ៍ទី ២៦ កក្កដា ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាបានពិភាក្សាតាមទូរសព្ទជាមួយលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាដោយប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ។
នៅក្នុងកិច្ចសន្ទនានោះ លោកប្រធានាធិបតីអាមេរិក បានបញ្ជាក់អំពីឆន្ទៈរបស់លោកដែលមិនចង់ឃើញមានសង្គ្រាមឬការប្រយុទ្ធគ្នា ដែលនាំឲ្យមនុស្សជាច្រើនស្លាប់និងរបួសទាំងសងខាង ដោយគិតទាំងកងទ័ពនិងប្រជាជនស៊ីវិល។ ដោយហេតុនេះហើយបានជាលោកតែងតែខិតខំសម្របសម្រួល និងបានបញ្ចប់ដោយជោគជ័យនូវការប្រយុទ្ធគ្នា នៅតាមបណ្ដាប្រទេសជាច្រើននៅលើពិភពលោក។
ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ លោកប្រធានាធិបតី Donald Trump ក៏ចង់ឃើញនូវការឈប់បាញ់គ្នាភ្លាម និងសន្តិភាព រវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្ដេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ជាមួយលោកប្រធានាធិបតី Donald Trump ថាកម្ពុជាឯកភាពជាមួយសំណើរឱ្យមានការឈប់បាញ់ភ្លាមនិងដោយឥតលក្ខខណ្ឌរវាងកងទ័ពទាំងពីរ។ ជាក់ស្ដែងជំហរនេះសម្ដេចធិបតីធ្លាប់បានបញ្ជាក់ជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានកាលពីថ្ងៃទី ២៤ កក្កដា កន្លងទៅផងដែរ។ ជាដំណឹងល្អដែលសម្ដេចធិបតីបានទទួលពីលោក Donald Trump ក្រោយពីលោកបានពិភាក្សាជាមួយលោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ ប្រធានាធិបតី ស្តីពីការឈប់បាញ់គ្នាភ្លាមផងដែរ។
នេះគឺជាដំណឹងដ៏ល្អសម្រាប់កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។ សម្ដេចធិបតីសង្ឃឹមថា ភាគីថៃនឹងមិនកែប្រែជំហរនេះម្តងទៀត ដូចកាលពីថ្ងៃទី ២៤ កក្កដាក្រោមការជួយសម្របសម្រួលរបស់លោក Anwar Ibrahim នោះទេ។ សម្ដេចធិបតីបានប្រគល់ភារកិច្ចជូនលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឱ្យបន្តកិច្ចការងារនេះដោយពិភាក្សាជាមួយ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដើម្បីសម្របសម្រួលជាមួយភាគីថៃ ក្នុងគោលដៅឈានទៅអនុវត្តគោលការណ៍ដែលបានព្រមព្រៀងគ្នាឱ្យបានឆាប់រហ័ស ដែលអាចបញ្ចប់ការស្លាប់និងរបួសរបស់កងទ័ពនិងប្រជាពលរដ្ឋទាំងសងខាង។
សម្ដេចធិបតីសូមអរគុណ លោក ប្រធានាធិបតី Donald Trump ដែលបានផ្តួចផ្ដើមគំនិតនិងសម្របសម្រួលដើម្បីស្វែងរកការឈប់បាញ់ភ្លាម និងសន្តិភាពរវាងកម្ពុជានិងថៃនាពេលនេះ។
លទ្ធផលដ៏ល្អនេះពិតជានឹងជួយការពារអាយុជីវិតរបស់កងទ័ពនិងដូចប្រជាពលរដ្ឋស៊ីវិលជាច្រើននាក់ទាំងខ្មែរទាំងថៃ ដែលអាចបាត់បង់ដោយសារការប្រយុទ្ធគ្នា ឬក៏រងរបួស និងជួយឲ្យជនភៀសខ្លួនរាប់សែននាក់អាចបានត្រឡប់ទៅរស់នៅក្នុងភូមិឋានរបស់ខ្លួនវិញដើម្បីបន្តដំណើរការជីវិតជាប្រចាំថ្ងៃរបស់ពួកគាត់ដោយសេចក្តីសុខនិងសន្តិភាព៕