បើតាមអ្នកនាំពាក្យនៃរដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ការផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA Khmer) ដែលមានចំណងជើងអត្ថបទ “នៅលើគេហទំព័រ Facebook របស់ខ្លួន ពុំមានភាពពិតប្រាកដជាក់ស្តែង ដែលជាការចុះផ្សាយបំភ្លៃការពិត និងចោទប្រកាន់មកលើអាជ្ញាធរ និងផ្នែកពាក់ព័ន្ធតែប៉ុណ្ណោះ ព្រមទាំងមានចរិតធ្វើឱ្យសាធារណជនមាន ការយល់ច្រឡំ លើការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនវិនិយោគវិនិយោគស្របច្បាប់ ដោយពុំមាន ហេតុផលត្រឹមត្រូវទាល់តែសោះ។
អាជា្ញធរថា ចំពោះការចោទប្រកាន់ថា អភិបាលខេត្ត ស្រុក ចុះទៅរាល់ថ្ងៃ ឃើញហើយមិនដោះស្រាយជូន នោះកាន់តែពុំពិតទៅទៀតព្រោះថ្នាក់ដឹកនាំខេត្ត ស្រុក បានបំពេញការងារដឹកនាំអង្គភាពរដ្ឋបាលជាប់ជា ប្រចាំ និងបានសំណេះសំណាលជាមួយមន្ត្រីរាជការ ប្រជាពលរដ្ឋមួយចំនួនក្នុងមូលដ្ឋាន តែពុំបានទទួល សំណើណាមួយពាក់ព័ន្ធនឹងករណីខាងលើនេះឡើយ។ មិនតែប៉ុណ្ណោះចំពោះបុគ្គលមានឈ្មោះ ប៉ុន សាវឿន ដែលអះអាងថា ជាតំណាងប្រជាពលរដ្ឋ ហើយបានលើកឡើងក្នុងការផ្សាយនោះក៏ពុំមានការពិតដែរ ព្រោះ ថ្នាក់ដឹកនាំខេត្តពុំដែលបានជួប និងបានទទួលសំណូមពរ ឬសំណើណាមួយពីឈ្មោះ ប៉ុន សាវឿន ឡើយ។
ក្នុងករណីនេះ រដ្ឋបាលខេត្ត នឹងចាត់តាំងឱ្យមានការស្រាវជ្រាវបានឱ្យហ្មត់ចត់បំផុត ដើម្បីមាន មូលដ្ឋានក្នុងការសម្រេចជាគោលការណ៍តាមនីតិវិធីជាធរមាន។
សូមបញ្ជាក់ជូនថា រដ្ឋបាលខេត្ត មានគោលជំហរច្បាស់លាស់លើការអភិវឌ្ឍ និងដើម្បីប្រយោជន៍ ប្រជាជនទូទៅ ហើយក៏ការពារភាពស្របច្បាប់ជូនអ្នកវិនិយោគដែលបានការអនុញ្ញាតច្បាប់ត្រឹមត្រូវដែរ។ ដូច្នោះចំពោះការចុះផ្សាយរបស់វិទ្យុអាស៊ីសេរីខាងលើនេះ ក្រុមអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តស្ទឹងត្រែង សូមធ្វើការបដិសេធន៍និងច្រានចោលទាំងស្រុង ហើយសូមចាត់ទុកថាជាព័ត៌មានចោទប្រកាន់ដែលមិនមាន តថភាព និងបំផ្លើសបំភ្លៃការពិត ក្នុងន័យដើម្បីកេងចំណេញខាងផលប្រយោជន៍ណាមួយនោះប៉ុណ្ណោះ ៕