ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ឥណ្ឌូនេស៊ី ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម
ថ្ងៃទី ៖ 12-06-2024, ដោយ​​ Dara007 , 67 Views
                     
ភ្នំពេញៈ ឥណ្ឌូនេស៊ី ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីធានាថាផលិតផលបំពេញតាមស្តង់ដារទីផ្សារក្នុងប្រទេសទាំងពីរ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានទទួលជួបគណៈប្រតិភូស្ថានទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម លោក ឯកអគ្គរដ្ឋទូត Santo Darmosumarto បានលើកឡើងថា បេសកកម្មចំនួនបួនក្នុងអាណត្តិរបស់ឯកឧត្តមនៅកម្ពុជា ពោលគឺ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី, ជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដោយផ្តោតលើយុវជន និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លើកកម្ពស់កិច្ចសហប្រតិបត្តិការកម្រិតតំបន់ជាមួយកម្ពុជា ពិសេសក្នុងក្របខ័ណ្ឌអាស៊ាន, និងការពារពលរដ្ឋឥណ្ឌូនេស៊ីដែលកំពុងធ្វើការនៅកម្ពុជា។

លោក Darmosumarto បានកោតសរសើរកម្ពុជាចំពោះការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ AMMSTI-20 ប្រកបដោយជោគជ័យ និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយកម្ពុជា។ លោកបានស្នើចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយផ្តោតលើបរិវត្តកម្មឌីជីថល និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម, ការអប់រំវិជ្ជាជីវៈសម្រាប់ឧស្សាហកម្ម, និងកិច្ចសហប្រតិបត្តិការមន្ទីរពិសោធន៍ ដើម្បីធានាថាផលិតផលបំពេញតាមស្តង់ដារទីផ្សារក្នុងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងឥណ្ឌូនេស៊ី និងបានកោតសរសើរចំពោះការចូលរួមរបស់ឥណ្ឌូនេស៊ី ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ (AMMSTI-20) នៅខេត្តសៀមរាបកាលពីសប្តាហ៍មុន ដែលដឹកនាំដោយប្រធានទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិរបស់ឥណ្ឌូនេស៊ី។ លោករដ្ឋមន្ត្រីបានជម្រាបថា ក្រសួងបានត្រៀមខ្លួនរួចរាល់ក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ។

លោកបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅក្នុងសេដ្ឋកិច្ចកម្ពុជា ដោយរំលេចយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមអាចឈានចូលក្នុងប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍ ដូចជាការគាំពារសង្គម និងឱកាសអភិវឌ្ឍន៍ជំនាញជាដើម។ លោកបានបន្ថែមថា កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមប្រមាណ ៧៥០.០០០ អង្គភាព ខណៈប្រទេសឥណ្ឌូនេស៊ីមានប្រមាណ ៦៥ លានអង្គភាព ដែលនេះបង្ហាញពីឱកាសដើម្បីកម្ពុជាដកស្រង់បទពិសោធន៍ដ៏ទូលំទូលាយរបស់ឥណ្ឌូនេស៊ី។

ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោករដ្ឋមន្ត្រី បានបញ្ជាក់បំណងប្រាថ្នារបស់កម្ពុជាក្នុងការផ្លោះទៅរកវឌ្ឍនភាពបច្ចេកវិទ្យា ដោយរំលឹកថា៖ "កម្ពុជា និងឥណ្ឌូនេស៊ីកំពុងសហការបង្កើត និងដឹកនាំគម្រោងមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាអាស៊ាន ដូច្នេះយើងមានឱកាសច្រើនក្នុងការសហការគ្នា លើវិស័យនេះ។"

លោកបានបន្ថែមថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏កំពុងប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ខ្លួន ឱ្យទៅជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ដើម្បីគាំទ្រវិស័យឯកជនកាន់តែប្រសើរ។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនសមត្ថភាពមន្ទីរពិសោធន៍ស្របតាមគោលដៅសុខដុមនីយកម្មស្តង់ដារអាស៊ាន ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យបង្កើតសម្ព័ន្ធភាពមន្ទីរពិសោធន៍រវាងមន្ទីរពិសោធន៍នៅក្នុងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយសម្រួលដល់ការទទួលស្គាល់ទៅវិញទៅមកនូវលទ្ធផលនៃការធ្វើតេស្ត និងលទ្ធផលមន្ទីរពិសោធន៍នៅទូទាំងតំបន់អាស៊ាន។

លោករដ្ឋមន្ត្រីបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី តាមរយៈគំនិតផ្តួចផ្តើមដូចជាសហគ្រិនខ្មែរ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងយន្តការផ្តល់ហិរញ្ញប្បទានផ្សេងៗទៀត។ ប្រទេសឥណ្ឌូនេស៊ីជាដៃគូពាណិជ្ជកម្មធំទី៦របស់កម្ពុជា ហើយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ជាង១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអ្នកវិនិយោគឥណ្ឌូនេស៊ីឱ្យពិចារណាវិនិយោគ និងបង្កើតរោងចក្រនៅកម្ពុជា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតហុងគ្រី នឹងលើកទឹកចិត្តឱ្យវិនិយោគិនរបស់ខ្លួនសិក្សាស្វែងយល់ និងពង្រីកឱកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើន។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com